ខេត្តកំពត ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ១គ្រួសារត្រូវបានភ្លើងឆេះ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៦នេះ នៅភូមិកោះត្រាច ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ម្ចាស់ផ្ទះកើតហេតុឈ្មោះម៉ៅ ណុប ភេទប្រុស អាយុ៧១ឆ្នាំ និងប្រពន្ធឈ្មោះគល់ ហិត អាយុ៦៨ឆ្នាំ។ ម្ចាស់ផ្ទះខាងលើបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១១មករា ពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធបានឡើងថ្វាយបង្គំព្រះ ដោយមានអុជធូបទៀនផងដែរ ។ បន្ទាប់មកពួកគាត់ក៏បានចាកចេញទាំងពីរនាក់តាយាយដើម្បីទៅចូលរួមបុណ្យដាអ្នកភូមិ រហូតមកដល់ម៉ោងប្រហែលជិត១០ព្រឹក ស្រាប់តែមានគេរត់ទៅហៅពួកគាត់ និងប្រាប់ថាភ្លើងឆេះផ្ទះអស់ហើយ។ លុះពេលមកដល់ ឃើញផ្ទះត្រូវភ្លើងឆេះអស់ ធ្វើឱ្យពួកគាត់ស្លុតអស់ស្មារតី ព្រោះផ្ទះត្រូវភ្លើងឆេះអស់គ្មានសល់អ្វីសោះ។ លោកជា គង់ នាយនគរបាលប៉ុស្លិ៍ស្វាយទងបានឱ្យដឹងថា ការឆេះលំនៅឋានតាយាយពីរនាក់ប្ដីប្រពន្ធនេះគឺបណ្ដាលមកពីភ្លើងធូបទៀន ព្រោះពួកគាត់ទាំងពីរ នាក់ប្ដីប្រពន្ធគាត់បានឡើងថ្វាយបង្គំព្រះជាប្រចាំ ព្រោះបើទុស្សេខ្សែភ្លើងគឺវាលោតឌីហ្សង់ទ័រហើយ ។ លោកនាយនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ករណីឆេះផ្ទះខាងលើនេះគឺឆេះលុយចំនួន៤លានរៀល ប្លង់ដីចំនួន៥ប្លង់និងសំបុត្រកំណើត ប៉ុន្តែស្រូវនៅផ្ទះបាយខាងក្រោយ មិនទាន់ឆេះនោះទេ ដោយសារថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុកកំពង់ត្រាចជួយបាញ់ទឹកពន្លត់ ៕