ខេត្តកោះកុង៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា ភាគីថៃបានដោះលែងប្រជានេសាទខ្មែរចំនួន៤រូបមកឱ្យភាគីកម្ពុជាវិញក្រោយចាប់ខ្លួនយកទៅទុកនៅប្រទេសថៃរយៈពេល ៦ ថ្ងៃ។ ជាក់ស្ដែងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ លោកអភិបាលរងខេត្តកោះកុង បានសរសេរដូច្នេះនៅលើគណនីហ្វេសប៊ុកផ្លូវការថា ៖ “ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ម៉ោង១៥:០០ សូមអរគុណថ្នាក់ដឹកនាំរបស់យើង និងសូមអបអរសាទរចំពោះការវិលត្រលប់មកវិញរបស់ប្រជានេសាទទាំង៤រូបមកកាន់ខេត្តកោះកុងវិញ។”។ គួរបញ្ជាក់ថា កងទ័ពជើងទឹកថៃ បានចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរ១គ្រឿង ដែលមានពលរដ្ឋខ្មែរចំនួន៤នាក់ កំពុងនេសាទនៅក្បែរនឹងឆ្នេរកោះយ៉ នៅលើផ្ទៃព្រំដែនសមុទ្រកម្ពុជា-ថៃ ដែលមិនទាន់ថមថយកម្ដៅជម្លោះ នៅម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ ជាមួយគ្នានេះ បើតាមរយៈសំណេរហ្វេសប៊ុករបស់លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែមករានេះថា៖ «សូម ស្វាគមន៍បងប្អូនប្រជានេសាទទាំង៤រូបបានត្រឡប់មកផ្ទះយើងវិញហើយ។ នេះជាលទ្ធផល ស្ងាត់ តែមិន ស្ងៀម។» ៕ ដោយ៖តារា