ខេត្តព្រះវិហារ ៖ យោងតាមរូបថត និងហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា ៖ ប្រាសាទព្រះវិហារ បានរងការបំផ្ទិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងកម្ទេច ក្នុងអំឡុងសង្គ្រាម២១ថ្ងៃ ដែលបង្កឡើងដោយភាគីថៃ។ បន្ទាប់ពីការវាយប្រយុទ្ធគ្នា ត្រូវបានផ្អាកសំណល់គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ស្ថិតនៅរាយប៉ាយពេញបរិវេណប្រាសាទ។ តាមរយៈរូបភាពជាច្រើនសន្លឹក ដែលបង្ហោះនៅទំព័រហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅព្រឹកថ្ងៃទី១២ ខែមករានេះ បច្ចុប្បន្នអ្នកជំនាញរបស់ CMAC កំពុងចុះបោស សំណល់គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតំបន់ប្រាសាទព្រះវិហារ ជាទីសក្ការ និងជាសម្បត្តិមនុស្សជាតិរបស់អង្គការយូណេស្កូ ដើម្បីធានាសុវត្ថិភាព។ ពិតជាសោកស្តាយណាស់ ប្រាសាទព្រះវិហារ ជាទីសក្ការ និងជាសម្បត្តិមនុស្សជាតិ ត្រូវបានបំផ្លាញយ៉ាងនេះ កូនខ្មែរ និងមនុស្សលើពិភពលោកចងចាំមិនភ្លេចឡើយ ៕ ដោយ ៖ សិលា