អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អនុញ្ញាតឱ្យប្រធានការិយាល័យអនុព័ន្ធយោធាឡាវចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យប្រធានការិយាល័យអនុព័ន្ធយោធាឡាវ លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ ដែលបញ្ចប់អាណ្ណត្តិការងាររបស់ខ្លួនចូលជួបសម្ដែងការគួរសម និងជម្រាបលា។ ក្នុងជំនួបនៅថ្ងៃទី១២មករា ឆ្នាំ២០២៦ ក៏បានបង្ហាញវត្តមានប្រធានការិយាល័យអនុព័ន្ធយោធាឡាវថ្មី គឺលោកវរសេនីយ៍ឯក ឡាត់សាក់ឃុន វង្សភោស៊ី ដែលទើបតែងតាំងជំនួសថ្មី ណែនាំដល់ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទផងដែរ នៅអគ្គបញ្ជាការដ្ឋាន។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលតែងផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ក៏ដូចជាការផ្តល់អាហារូបករណ៍ ផ្លាស់ប្ដូរព័ត៌មានចារកម្មទៅវិញទៅមក និងការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា។ ឯកឧត្តម អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតយោធារបស់លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ នៅកម្ពុជាក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ និងបានស្វាគមន៍ចំពោះ លោកវរសេនីយ៍ឯក ឡាត់សាក់ឃុន វង្សភោស៊ី  ដែលទើបទទួលបានការតែងតាំងថ្មី ជាប្រធានការិយាល័យអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា។ ឯកឧត្តមអគ្គមេបញ្ជាការ សង្ឃឹមជឿជាក់ថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្ដូរព័ត៌មាន, កិច្ចការសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព និងការធ្វើសមយុទ្ធយោធារួមគ្នាជាដើម។ ...