ភ្នំពេញ:លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីលើសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធំៗចំនួន ៣៦ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧១ នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចបាន និងកំពុងបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញអង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ជាក់ស្តែង អាជ្ញាធរកម្ពុជា បានស្រាវជ្រាវស៊ីជម្រៅរហូតឈានដល់បានកំណត់មុខសញ្ញាមេខ្លោងនៃការប្រព្រឹត្តការឆបោក ហើយបានសហការជាមួយសមត្ថកិច្ចនៃនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបញ្ជូនឧក្រិដ្ឋជនឈ្មោះ ចេន ហ្ស៊ី ដើម្បីឱ្យផ្តន្ទាទោសតាមច្បាប់។ សម្រាប់រាល់ករណីអំពើល្មើសដែលត្រូវបានស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវច្បាស់លាស់ និងភស្តុតាងជាក់ស្តែង រហូតដល់នីតិវិធីបញ្ជូនដល់ដៃតុលាការនេះ បានបង្ហាញពីភាពម៉ឺងម៉ាត់របស់សមត្ថកិច្ចកម្ពុជា ក្នុងការអនុវត្តច្បាប់ និងបទបញ្ជាដែលរាជរដ្ឋាភិបាលបានដាក់ចុះ ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស៕ជ្រោយពេជ្រ