ឈើសុក្រំចំនួន២២ដុំត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកកូនមុំចុះបង្ក្រាប

ខេត្តរតនគិរី៖ ឈើសុក្រំចំនួន២២ដុំដែលឈ្មួញដឹកមកសម្រាប់លក់ចែកចាយតាមរោងសិប្បកម្មនានានៅក្នុងក្រុងបានលុងនោះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលស្រុកកូនមុំ ចុះចាប់ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរីឲ្យធ្វើការបង្ក្រាបបទល្មើសដូចភ្លៀងរលឹម ហើយប្រគល់ឲ្យរដ្ឋបាលព្រៃឈើ។ ការបង្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៣ៈ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចភូមិទិស ឃុំតាអង ស្រុកកូនមុំ។ លោកវរសេនីយ៍ទោលឹម ឡេងលីហួរ នាយការិយាល័យប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារយកព័ត៌មាននៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ថា អ្នករកស៊ីដឹកឈើយ៉ាងសកម្មនេាះមានទីលំនៅទល់មុខវត្តអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។ ឈើដែលបង្ក្រាបបានជាប្រភេទឈើសុក្រំ មានចំនួន២២ដុំស្មើនឹង០,៦៥៨ម៉ែត្រគូប។ លោកបន្តថា ឈើសុក្រំដែលកម្លាំងបង្ក្រាបបានខាងលើនេះបានប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃលំផាត់ដើម្បីចាត់ចែងតាមច្បាប់ព្រៃឈើ។ ប្រភពព័ត៌មានដោយឡែកទៀតប្រាប់ឲ្យដឹងថា នោះជាឈ្មួញរកស៊ីឈើប្រចាំស្រុកអូរជុំ កន្លងទៅមានជាប់បណ្តឹងច្រើនករណីណាស់នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានគរបាលខេត្តរតនគិរី, ប៉ុន្តែមិនដឹងយ៉ាងម៉េចបានជាគាត់រួចពីសំណាញ់ច្បាប់រហូតបែបនេះ?៕ ដោយ៖ ជីវ័ន្ត