ប្រទះឃើញហ្វូងក្ងោកបៃតង ប្រមាណ២០ក្បាល កំពុងស៊ីចំណីនៅតាមជើងភ្នំនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ មន្ត្រីឧទ្យានុរក្ស បានសហការជាមួយគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថានបានដើរល្បាតដោយប្រើប្រាស់ប្រព័ន្ធស្មាត (SMART) នាថ្ងៃចន្ទ ទី១២ ខែ មករា ឆ្នាំ២០២៦ បានប្រទះឃើញហ្វូងក្ងោកបៃតង ប្រមាណ ២០ក្បាល កំពុងស៊ីចំណីនៅតាមជើងភ្នំ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា ក្ងោកបៃតង ឬក្ងោក (ឈ្មោះអង់គ្លេស៖ Green Peafowl ឈ្មោះវិទ្យាសាស្រ្ត៖ Pavo muticus)៖ ក្ងោកឈ្មោលមានបណ្តោយខ្លួនធំ ជើងវែង កវែង ស្លាប និងខ្លួនមានពណ៌បៃតងភ្លឺ កំប៉ោយឈរត្រង់ មានកន្ទុយធំវែងមានដៅពណ៌លឿងលាយខៀវដូចជាភ្នែករាប់រយ ហើយញីមានរូបរាងស្រដៀងឈ្មោលដែរ តែពណ៌ស្រអាប់ជាង និងមានកន្ទុយខ្លី។ ក្ងោកមានវត្តមាននៅស្ទើគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ដែលភាគច្រើនរស់នៅតំបន់ព្រៃល្បោះចម្រុះ តាមមាត់ ទឹក ជាយព្រៃឬស្សី ព្រៃពាក់កណ្តាលស្រោង និងព្រៃ ស្រោង។ ក្ងោកស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រ តាមចំណាត់ប្រទេសកម្ពុជា និងបានចុះក្នុងបញ្ជីក្រហមអាយូស៊ីអិន IUCN (EN) ជាប្រភេទជិតផុតពូជ និងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ២ នៃអនុសញ្ញាសាយតេស CITES។ ជាមួយគ្នានេះក្ងោកកំពុងប្រឈមរងគ្រោះដោយសារការទាក់ចាប់ ...