គ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងតាមរយៈស្វ័យបដិវត្តន៍ គន្លឹះនៃភាពជោគជ័យរបស់បក្សកុម្មុយនីស្តចិនក្នុងការដឹកនាំ និងអភិបាលកិច្ចប្រទេសចិន

អន្តរជាតិ ៖ «យកការគ្រប់គ្រងបក្សឱ្យបានតឹងរ៉ឹងជាការធានា» ជាមូលដ្ឋានគ្រឹះរបស់បក្សកុម្មុយនិស្តចិនតាំងពីពេលដែលបក្សដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោកនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ ដោយបានបន្តជាប់ជានិច្ចជាមួយការលើកកម្ពស់កំណែទម្រង់ ការអភិវឌ្ឍ និងស្ថិរភាពនយោបាយរបស់កម្មាភិបាល និងមន្ត្រីបក្សកុម្មុយនិស្តចិននៅគ្រប់កម្រិតទាំងអស់ សំដៅអនុវត្តឱ្យបានសមស្របតាមតម្រូវការរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។ ដោយឈរយ៉ាងរឹងមាំលើគោលការណ៍កំណែទម្រង់របស់ខ្លួនទាក់ទងនឹងការរក្សាបាននូវគុណតម្លៃស្នូលនិងខ្ពស់បំផុតរបស់បក្សកុម្មុយនិស្តចិន ទើបកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅក្នុងសម័យប្រជុំពេញអង្គលើកទី៥នៃគណៈកម្មការត្រួតពិនិត្យវិន័យរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងថា ប្រជាជនចិនមានសមភាពនៅចំពោះមុខច្បាប់ និងបទប្បញ្ញត្តិ ហើយការអនុវត្តច្បាប់ និងបទប្បញ្ញត្តិមិនអនុញ្ញាតឱ្យមានករណីលើកលែងឡើយ។ ដោយសង្កត់ធ្ងន់លើការបំផ្លាញនិងកាត់ផ្តាច់ទាំងស្រុងនៃឬសគល់អំពើពុករលួយ លោក Xi Jinping បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគឺជាការតស៊ូដ៏សំខាន់មួយដែលបក្សកុម្មុយនិស្តចិនត្រូវតែឈ្នះជាដាច់ខាត ហើយភារកិច្ចនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាជំហររឹងមាំដើម្បីកុំឱ្យមន្ត្រីពុករលួយមានកន្លែងលាក់ខ្លួន។   «យកការបំពេញតម្រូវការជីវិតដ៏ល្អប្រសើររបស់ប្រជាជនចិនជាគោលបំណង» បានក្លាយជាកម្មវត្ថុដ៏សំខាន់របស់បក្សកុម្មុយនិស្តចិនបន្តបង្ហាញឱ្យប្រជាជនចិនបានឃើញលទ្ធផលនិងការផ្លាស់ប្តូរពិតប្រាកដនូវការអនុវត្តគោលការណ៍គ្រឹះរបស់បក្សកុម្មុយនិស្តចិនក្នុងការលើកកម្ពស់ការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន ផ្តល់ជូនប្រជាជនចិននៅវិបុលភាព និងកិច្ចបង្កើនវឌ្ឍនភាពសេដ្ឋកិច្ចជាតិដោយបក្សកុម្មុយនិស្តចិនបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ការណ៍នេះមិនមែនជាទ្រឹស្តីទេ តែជាការអនុវត្តលើអភិបាលកិច្ចបក្សកុម្មុយនិស្តចិនប្រកបដោយវិន័យតឹងរ៉ឹង ដោយបក្សកុម្មុយនិស្តចិនបន្តចាប់ «ខ្លា» ព្រមទាំង «រុយ» នៅពេលដោះស្រាយករណីមន្ត្រីដឹកនាំរំលោភបំពានវិន័យបក្ស និងច្បាប់រដ្ឋ ព្រមទាំងការប្រព្រឹត្តខុសដោយទង្វើអំពើពុករលួយដែលធ្វើឱ្យប៉ះពាល់ផ្ទាល់លើជីវភាពរស់នៅរបស់ប្រជាជនចិន។ បក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាស្នូល បាននិងកំពុងបន្តកសាងសង្គមនិយមតាមបែបផែនចិនប្រកបដោយប្រព័ន្ធពេញលេញមួយនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈការផ្តន្ទាទោសនិងការទប់ស្កាត់ ពង្រឹងការអប់រំអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងរក្សាសុចរិតភាព និងលើកកម្ពស់វប្បធម៌នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនដ៏ស្អាតស្អំ។ ...