ភ្នំពេញ៖ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជាប្រធានក្រុមការងារសិក្សាអំពីកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Vivian Balakrishnan រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី។ ក្នុងជំនួបពិភាក្សានេះ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី និងលោកបណ្ឌិតរដ្ឋមន្ត្រី បានផ្លាស់ប្តូរមតិយោបល់លើបញ្ហាប្រឈមនៃប្រព័ន្ធពាណិជ្ជកម្មសកល និងកាលានុវត្តភាពសម្រាប់ប្រទេសតូចៗ ដូចជាកម្ពុជា និងសិង្ហបុរី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើច្បាប់ និងសមាហរណកម្មសេដ្ឋកិច្ចតំបន់។ បន្ថែមលើនេះ កិច្ចពិភាក្សាក៏បានផ្ដោតទៅលើទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ លោកបណ្ឌិតរដ្ឋមន្ត្រី Balakrishnan បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍របស់កម្ពុជា ក្នុងការចូលជាសមាជិកនៃកិច្ចព្រមព្រៀង CP-TPP ដោយឯកឧត្តមបានគូសបញ្ជាក់ពីសក្តានុពលនៃកិច្ចព្រមព្រៀងនេះ ក្នុងការជំរុញសមាហរណកម្មរបស់កម្ពុជាឱ្យកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់តម្លៃតំបន់ ពង្រីកវិសាលភាពទីផ្សារ និងពង្រឹងទំនុកចិត្តវិនិយោគិន៕ ដោយ៖តារា