កម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំង៧៥ ដែលអាមេរិកផ្អាកផ្តល់ទិដ្ឋាការអន្តោប្រវេសន៍

សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី១៤ មករា បានសម្រេចផ្អាកជាបណ្ដោះអាសន្នការស្នើសុំទិដ្ឋាការអន្តោប្រវេសន៍ពីប្រទេសចំនួន ៧៥ នៅជុំវិញពិភពលោក រួមទាំងប្រទេសមួយចំនួននៅតំបន់អាស៊ានដូចជា កម្ពុជា ថៃ ភូមា និងឡាវ។ វិធានការនេះត្រូវបានក្រសួងការបរទេសអាមេរិកអះអាងថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រទប់ស្កាត់ការកើនឡើងនៃជនអន្តោប្រវេសន៍ និងការពារប្រព័ន្ធសង្គមសាធារណៈរបស់អាមេរិក។ ក្រសួងការបរទេសកម្ពុជាគ្មានអ្វីអត្ថាធិប្បាយទៅលើចំណាត់ការ​ផ្អាកទិដ្ឋាការអន្តោប្រវេសន៍​របស់រដ្ឋាភិបាលអាមេរិកទេ។ នេះបើតាមលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំក្រសួងការបរទេសកម្ពុជា និងបញ្ជាក់យ៉ាងខ្លីថា រដ្ឋបាលអាមេរិកនឹងគ្មានវិធានការ​​អ្វី ដែលមានលក្ខណៈរើសអើងចំពោះពលរដ្ឋកម្ពុជា​។