ជាង២សប្តាហ៍មកហើយ ដែលប្រជាជនអ៊ីរ៉ង់បានធ្វើបាតុកម្មនៅទូទាំងប្រទេស ដើម្បីទាមទារផ្តួលរំលំរបបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់។ ផ្អែកតាមតួលេខរបស់អង្គការក្រៅរដ្ឋាភិបាល គិតត្រឹមថ្ងៃទី១៥មករានេះ មានបាតុករអ៊ីរ៉ង់ប្រមាណជាង៣៤០០នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ច នៃរបបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់ បាញ់សម្លាប់យ៉ាងសាហាវជាទីបំផុត។ សហគមន៍អន្តរជាតិកំពុងតាមដានដោយក្តីព្រួយបារម្ភ អំពីជោគវាសនារបស់បាតុករអ៊ីរ៉ង់ម្នាក់ឈ្មោះ អ៊ែរហ្វន់ សុលតានី ដែលអាចប្រឈមនឹងការប្រហារជីវិត តែនៅទីបំផុតអាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃនេះថា នឹងគ្មានការប្រហារជីវិតបាតុកររូបនេះឡើយ