បាត់ដំបង÷ សមត្ថកិច្ចចុះបង្ក្រាបបទល្មើសលួចនាំពលករខ្មែរឆ្លងដែនទៅប្រទេសថៃ សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់បានម្នាក់ និងពលករចំនួន ៥នាក់អនុវត្តនីតិវិធី។ ប្រតិបត្តិការនេះកម្លាំងអធិការនគរបាលស្រុកសំពៅលូន នៅវេលាទៀបភ្លឺម្សិលមិញបានស្រាវជ្រាវ និងចុះបង្ក្រាបករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់មួយករណីឋិតនៅត្រង់កំណាត់ផ្លូវជាតិលេខ ៥៩A ក្នុងភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ វត្ថុតាងដែលដកហូតបានមានរថយន្តកាំម៉ារី ស៊េរីឆ្នាំ ៩៥ ពណ៌ខៀវចាស់មួយគ្រឿង ពាក់ស្លាកលេខ សៀមរាប ៣A-៥៥៣៩។ ជនសង្ស័យជាមេខ្យល់មានឈ្មោះសាវី បូរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ជាអ្នកបើកបររថន្ត និងបក្សពួកម្នាក់ទៀតបានរត់គេចខ្លួន។ ចំណែកឯពលករដែលឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃសរុបចំនួន ៥នាក់ ស្រី ០៣នាក់។ ជនសង្ស័យ ជាមួយនឹងវត្ថុតាងចំពោះមុខត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅអនុវត្តតាមនីតិវិធី រីឯពលករទាំង ៥នាក់បានអប់រំណែនាំរួចអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕ជ្រោយពេជ្រ