អង្គការការពារសិទ្ធិពលកម្មមួយបានអះអាងថា ខ្លួនបានរកឃើញភស្តុតាងនៃការកេងប្រវ័ញ្ចកម្មករនៅក្នុងរោងចក្រមួយនៅប្រទេសចិន ដែលផលិតតុក្កតា Labubu ដែលកំពុងល្បីខ្លាំង។ អង្គការ China Labor Watch (CLW) ដែលជាអង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអះអាងថា ការស៊ើបអង្កេតរបស់ខ្លួនបានរកឃើញថា អ្នកផ្គត់ផ្គង់មួយរបស់ក្រុមហ៊ុន Pop Mart បានបង្ខំឲ្យនិយោជិតធ្វើការក្នុងម៉ោងបន្ថែមហួសកម្រិត ឲ្យចុះហត្ថលេខាលើកិច្ចសន្យាដែលទទេ ឬមិនទាន់បំពេញពេញលេញ ហើយមិនផ្តល់ឲ្យពួកគេនូវការឈប់សម្រាកដែលមានប្រាក់ឈ្នួល។ តុក្កតា Labubu ដែលមានរោមទន់ៗ បានកើនឡើងក្នុងប្រជាប្រិយភាពយ៉ាងខ្លាំងនៅទូទាំងពិភពលោកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយត្រូវបានគេស្គាល់ច្បាស់ដោយសារការលក់តុក្កតាតាមរយៈ “ប្រអប់អាថ៌កំបាំង” (blind boxes) ដែលអ្នកទិញមិនដឹងថាមានអ្វីនៅខាងក្នុងទាល់តែបើកមើល។ ក្រុមហ៊ុន Pop Mart បានប្រាប់ BBC ថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតលើការអះអាងទាំងនេះ។ ក្រុមហ៊ុនលក់តុក្កតាមានមូលដ្ឋាននៅទីក្រុងប៉េកាំងនេះ បាននិយាយថា ខ្លួនសូមអរគុណចំពោះព័ត៌មានលម្អិតពីរបាយការណ៍ពិនិត្យឡើងវិញ ហើយនឹង “ទាមទារយ៉ាងម៉ឺងម៉ាត់” ឲ្យក្រុមហ៊ុនដែលផលិតតុក្កតារបស់ខ្លួនកែប្រែការអនុវត្តការងារ ប្រសិនបើការអះអាងទាំងនោះត្រូវបានបញ្ជាក់ថាជាការពិត។ Pop Mart បានបន្ថែមថា ខ្លួនធ្វើការត្រួតពិនិត្យអ្នកផ្គត់ផ្គង់ជាប្រចាំ រួមទាំងការពិនិត្យដោយភាគីទីបីឯករាជ្យប្រចាំឆ្នាំ ដែលអនុវត្តដោយអង្គភាពត្រួតពិនិត្យដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ អង្គការ CLW បានបញ្ចាក់ក្នុងរបាយការណ៍របស់ខ្លួនថា ខ្លួនបានអនុវត្តការស៊ើបអង្កេតយ៉ាងលម្អិតលើក្រុមហ៊ុនផលិត Labubu គឺ ...