ញៀនថ្នាំសុំលុយម៉ែមិនបាន ខឹងវាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់ ត្រូវនគរបាលស្រុកកោះធំចាប់វាយខ្នោះ

ខេត្តកណ្ដាល៖ មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងនៅថ្ងៃទី១៦ខែមករានេះថា កូនប្រុសបង្កើតដែលញៀនថ្នាំដល់កម្រិតម្នាក់ បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចខ្ទីគ្មានសល់ ដោយសារខឹងសុំលុយម្ដាយយកទៅទិញថ្នាំមិនបាន ធ្វើឲ្យស្ត្រីជាម្ដាយទ្រាំលែងបានប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៧និង ១៥នាទីព្រឹក ថ្ងៃទី១៤ មករា ២០២៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ អេល ណាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ (ពិនិត្យទឹកនោមមានសារធាតុញៀនវិជ្ជមាន)។ ចំណែកឯជនរងគ្រោះត្រូវជាម្ដាយបង្កើតឈ្មោះ កូប ម៉ៃសំ អាយុ ៦៣ឆ្នាំ មុខរបរនេសាទត្រី។ ទ្រព្យសម្បត្តិដែលរងការខូចនខាតរួមមាន ទូកញ្ចក់១, កង្ហារ ២គ្រឿង, ទ្វារផ្ទះ១, ទូទឹកកក ១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ លោកអធិការបានបញ្ជាក់បន្ថែមអំពីសភាពនៃរឿងហេតុថា កន្លងមកជនសង្ស័យរូបនេះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនប្រចាំថ្ងៃ និងតែងតែបង្កហិង្សាក្នុងគ្រួសារដោយវាយបំផ្លាញទ្រព្យសម្បត្តិជាញឹកញាប់។ ទោះបីជាអាជ្ញាធរធ្លាប់ហៅមកអប់រំណែនាំម្ដងរួចមកហើយក្ដី ក៏ជននេះមិនព្រមកែខ្លួនឡើយ។ លុះដល់ព្រឹកថ្ងៃកើតហេតុ ដោយសារសុំលុយម្ដាយមិនបាន ជនសង្ស័យក៏បានធ្វើសកម្មភាពវាយកម្ទេចសម្ភារក្នុងផ្ទះដូចរៀបរាប់ខាងលើ ធ្វើឲ្យស្ត្រីជាម្ដាយទ្រាំលែងបាន ក៏សម្រេចចិត្តប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកថ្មីឲ្យចុះអន្តរាគមន៍ឃាត់ខ្លួនតែម្ដង។ ...