ក្មេងប្រុសម្នាក់ ដែលត្រូវភ្លើងឆេះជើងមួយកំណាត់នៅខណ្ឌ៧មករា មិនទាន់រកឪពុកម្តាយឃើញទេ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពីអាខោនឈ្មោះ Mengheang Thorn ពាក់ព័ន្ធករណីក្មេងម្នាក់រងរបួស ដោយសារការលេងភ្លើងរបស់ក្មេងៗ នៅតំបន់ម្តុំផ្សារអូឡាំពិក និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។ ក្រោយពីឃើញព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យនគរបាលខណ្ឌ៧មករា ចុះធ្វើការស្រាវជ្រាវជាបន្ទាន់។ តាមការពិនិត្យស្រាវជ្រាវរបស់សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៩ និង៣០នាទី នៅចំណុចជិតហ្គារ៉ាសសាំងតេលា ខ្មែរស្តុបអាងទឹក ខណ្ឌ៧មករា មានក្មេងៗចំនួន ៣នាក់ លេងភ្លើង ដោយសង្ស័យប្រើអាល់កុល បណ្តាលឲ្យភ្លើងឆាបឆេះសម្លៀកបំពាក់ក្មេងម្នាក់ទៀត រងរបួសប្រមាណ ៣០ភាគរយ។ បន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋបានជួយនាំក្មេងរងគ្រោះទៅទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្វែងរកអាណាព្យាបាលក្មេងរងគ្រោះ៕ជ្រោយពេជ្រ