កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន

ខេត្តសៀមរាប៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងបញ្ជូនកំណត់ទូតតវ៉ាទៅកាន់ប្រទេសថៃ ចំពោះសកម្មភាពរបស់កងកម្លាំងយោធាថៃ ដែលអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបន្ថយភាពតានតឹង និងសន្តិសុខរបស់ពលរដ្ឋតាមព្រំដែន នេះបើយោងតាមមន្ត្រីក្រសួងបញ្ជាក់នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ។ កំណត់ទូតតវ៉ាជាផ្លូវការនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីយោធាថៃ បានដាក់របងលួសបន្លាឡើងវិញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយព័ទ្ធយកផ្ទះ និងហាងទំនិញរបស់ជនជាតិចិន នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ ដែលជាតំបន់ត្រូវបានកងទ័ពថៃចូលកាន់កាប់ដោយខុសច្បាប់។ កាលពីពេលថ្មីៗនេះមានជនជាតិចិន ដែលធ្លាប់ប្រកបអាជីវកម្មនៅក្នុងតំបន់នេះ បានដករបងលួសបន្លាចេញពីមុខហាងរបស់ពួកគេ។ សកម្មភាពបំពានរបស់កងកម្លាំងយោធាថៃនេះ គឺផ្ទុយនឹងចំណុច I-4 នៃសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីថ្លែងការណ៍រួមនោះ បានបញ្ជាក់ថា «ភាគីទាំងពីរ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែន ដែលរងផលប៉ះពាល់ អាចវិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់របស់ខ្លួន»។ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងបរិបទនៃសកម្មភាពបន្តបំពានរបស់កងកម្លាំងយោធាថៃ ...