ភ្នំពេញ ៖ រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ លោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យសកម្មភាពអនុវត្តគម្រោងរៀបចំកែលម្អចិញ្ចេីមផ្លូវ តាមបណ្ដោយមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ សម្រាប់បម្រេីប្រយោជន៍សាធារណៈជារួម។ លោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លើកឡើងថា ៖ ទន្ទឹមនឹងនេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំង គ្រប់ប្រភេទ នឹងបន្តសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលបានលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឱ្យទៅ លក់ដូរនៅផ្សារដេីមគថ្មី ដោយទទួលបានលក្ខខណ្ឌអនុគ្រោះជាច្រេីនរួមមាន ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លេីងរយៈពេល៦ខែដំបូង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រេីនទៀត៕ ដោយ ៖ សិលា