ភ្នំពេញ៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា សមរភូមិសំខាន់ៗចំនួន៤ ដែលកម្ពុជាបានធ្វើការទប់ទល់ជាមួយការឈ្លានពាននៅតាមព្រំដែនដោយកងកម្លាំងរបស់យោធាថៃ រួមមាន ទី១. សមរភូមិយោធា ទី២. សមរភូមិការទូត ទី៣. សមរភូមិច្បាប់ និងទី៤. សមរភូមិព័ត៌មាននិងសាធារណៈមតិ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ៖ ការពង្រឹងប្រសិទ្ធភាព និងាមត្ថភាពស្ថាប័ន ក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌ បានមានប្រសាសន៍ថា ទោះបីជាសមរភូមិនៅលើដីមានភាពស្ងប់ស្ងាត់មិនមានការផ្ទុះអាវុធ ក៏ប៉ុន្តែសមរភូមិនៅលើអាកាសលើប្រព័ន្ធផ្សព្វផ្សាយនៅតែមានភាពតឹងតែង ហើយសមរភូមិនេះគឺជាសមរភូមិមួយដែល មានការប្រឈមខ្ពស់។ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានេះ មានសមរភូមិ៤ បានឈរនៅទន្ទឹមគ្នា រួមមាន ទី១. សមរភូមិយោធា ទី២. សមរភូមិការទូត ទី៣. សមរភូមិច្បាប់ និងទី៤. សមរភូមិព័ត៌មាននិងសាធារណៈមតិ»។ ...