កម្ពុជា-ឥណ្ឌា កំពុងរៀបចំផែនទីបង្ហាញផ្លូវរួមគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម​ រវាងប្រទេសទាំងពីរ

ភ្នំពេញ​៖​ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ សហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) បានរៀបចំកិច្ចជួបពិភាក្សា ដើម្បីជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មពាក់ព័ន្ធនឹងការធ្វើដំណើរ រវាងឥណ្ឌា និងកម្ពុជា។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើនចំនួនភ្ញៀវទេសចរចូល និងចេញ រវាងប្រទេសទាំងពីរ។ កិច្ចពិភាក្សាដែលត្រូវបានរៀបចំ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ក្រោមចំណងជើង “ជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មពាក់ព័ន្ធនឹងការធ្វើដំណើរ រវាងឥណ្ឌា និងកម្ពុជា” ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗពីស្ថាប័នរដ្ឋ និងវិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតឥណ្ឌា។ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌា និងកម្ពុជា។ លោកបន្តថា អាទិភាពនេះមានមូលដ្ឋានលើទំនាក់ទំនងអរិយធម៌យូរអង្វែងរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រច្រើនសតវត្សរ៍ ហើយការភ្ជាប់ខាងវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររវាងប្រជាជនទាំងពីរ ជាគ្រឹះរឹងមាំសម្រាប់ពង្រីកការផ្លាស់ប្តូរទេសចរណ៍ និងពង្រឹងទំនាក់ទំនងប្រជាជននឹងប្រជាជន។ លោកបញ្ជាក់ថា៖« ពេលវេលាបច្ចុប្បន្នគឺសមស្របសម្រាប់រដ្ឋាភិបាល និងវិស័យឯកជនទាំងពីរ ក្នុងការរៀបចំផែនទីបង្ហាញផ្លូវរួម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍»។ លោក Ky Sereyrachana អនុប្រធាននាយកដ្ឋានទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ ក្រសួងទេសចរណ៍កម្ពុជា បានធ្វើបទបង្ហាញស្តីពី “ទេសចរណ៍ និងពាណិជ្ជកម្មធ្វើដំណើរទ្វេភាគី ...