ចំនួនភ្ញៀវធ្លាក់ចុះនៅខែមករាក្នុងប្រទេសជប៉ុនដែលគោលដៅទេសចរណ៍ ពេញនិយមបំផុតក្នុងពិភពលោក

ភ្ញៀវទេសចរទៅកាន់ប្រទេសជប៉ុន ដែលត្រូវបានអ្នកអានទស្សនាវដ្តី Condé Nast Traveler ជ្រើសរើសថាជា “គោលដៅពេញនិយមបំផុតក្នុងពិភពលោក” កាលពីឆ្នាំមុន បានធ្លាក់ចុះ 4.9% នៅខែមករា បើប្រៀបធៀបនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យរដ្ឋាភិបាល ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល 4 ឆ្នាំ។ អង្គការទេសចរណ៍ជាតិជប៉ុន (JNTO) បានឲ្យដឹងថា ភ្ញៀវអន្តរជាតិចូលសរុបមានចំនួន 3,597,500 នាក់ ដែលជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីខែមករា ឆ្នាំ 2022។ ការធ្លាក់ចុះនេះកើតឡើងជាចម្បងពីការធ្លាក់ចុះ 61% នៃភ្ញៀវពីប្រទេសចិនដីគោក មកសល់ត្រឹម 385,300 នាក់។ ទីក្រុងប៉េកាំងបានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនជៀសវាងធ្វើដំណើរទៅប្រទេសជប៉ុនចាប់តាំងពីខែវិច្ឆិកា បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងក្នុងសភាថា ការវាយប្រហាររបស់ចិនលើតៃវ៉ាន់អាចត្រូវបានចាត់ទុកថាជា “ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត” និងអាចបង្កឲ្យមានការឆ្លើយតបយោធាពីទីក្រុងតូក្យូ។ ការផ្លាស់ប្តូរពេលវេលាពិធីបុណ្យចូលឆ្នាំចិន (Lunar New Year) ដែលឆ្នាំនេះធ្លាក់នៅកណ្តាលខែកុម្ភៈ ជំនួសឲ្យចុងខែមករាដូចឆ្នាំ 2025 ក៏មានឥទ្ធិពលលើចំនួនភ្ញៀវផងដែរ។ កូរ៉េខាងត្បូងនៅតែជាប្រភពភ្ញៀវចម្បង ដោយកើនឡើង 22% ដល់ 1.176 លាននាក់ ដែលជាកំណត់ត្រាសម្រាប់មួយខែ ...