ភ្នំពេញ៖ ថ្លែងក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា ប្រព័ន្ធ ប.ស.ស. បាននិងកំពុងពង្រីកខ្លួនពីសមាជិកតិចជាង៥០ម៉ឺននាក់ រហូតដល់សមាជិកសរុបជាង ៣,៥លាននាក់ (ស្រី ជិត ២លាននាក់) គិតត្រឹមឆ្នាំ២០២៥ ប.ស.ស. មានក្រសួង ស្ថាប័ន សហគ្រាស និងគ្រឹះស្ថាន ជិត ៣ម៉ឺនបានចុះបញ្ជី។ សមាជិក ប.ស.ស បានប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល សរុបជាង ៨លានដង។ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ប.ស.ស. បានក្លាយជាក្តីសង្ឃឹមរបស់មន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវការពិនិត្យសុខភាពច្រើនជាងមុន ដែលធ្វើឱ្យពួកគាត់មានសុខភាពកាន់តែល្អប្រសើរ ហើយរួមចំណែកក្នុងយន្តការពង្រឹងមូលធនមនុស្ស ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាពិសេសគោលដៅគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។ ...