អភិបាលខេត្តកំពតបន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋក្រោយដោះស្រាយបញ្ចប់បានជាង ៣ពាន់ករណីកន្លងមក

ខេត្តកំពត÷បន្ទាប់ពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋតាមបណ្ដាក្រុង-ស្រុក នៅទូទាំងខេត្តបានប្រមាណជាង ៣ពាន់ករណីកន្លងមក ការដោះស្រាយត្រូវបានផ្អាកមួយរយៈដោយការសះជារបស់ពលរដ្ឋ។ ដោយមានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋដើម្បីឱ្យជួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ខ្លួន ឯកឧត្តមអភិបាលខេត្តបានបន្តការដោះស្រាយជូនពលរដ្ឋដែលកំពុងជួបបញ្ហាជាបន្តទៀត។ ក្រោយពីធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនពលរដ្ឋបានប្រមាណជាង ៣ពាន់ករណីឱ្យបានសះជានឹងគ្នានៅទូទាំងខេត្តកំពតរួចមក សកម្មភាពនៃការដោះស្រាយត្រូវបានផ្អាកមួយរយៈ ព្រោះពុំមានពាក្យបណ្តឹងឡើងមកកាន់រដ្ឋបាលខេត្ត ហើយទំនាស់មួយចំនួនត្រូវបានដោះស្រាយបញ្ចប់នៅថ្នាក់ឃុំ-សង្កាត់ និងក្រុង-ស្រុក។ តែដោយសារមានការសំណូមពរពីសំណាក់បងប្អូនប្រជាពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនពួកគាត់ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបើកវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលវេទិការនេះធ្វើឡើងនៅសាលមហាជន សាលាខេត្តកំពត។ ក្នុងដំណើរការនៃការដោះស្រាយវិវាទនេះ ឯកឧត្តមអភិបាលខេត្តកំពតបានគូសបញ្ជាក់ថា នៅក្នុងយន្តការសម្រាប់ការសម្របសម្រួល និងដោះស្រាយវិវាទទាំងអស់ ឯកឧត្តមមិនអាចលំអៀងទៅនរណាម្នាក់បាននោះទេ ព្រោះប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្តគឺជាគ្រួសារតែមួយដែលមានឯកឧត្តមជាសមាជិកម្នាក់ ហើយឯកឧត្តមចង់អោយសមាជិកនៃគ្រួសារដ៏ធំមួយនេះ រក្សាបាននូវភាពថ្លៃថ្នូរជាមនុស្ស បើអត់ត្រូវសុំ បើខ្ចីគេត្រូវសងគេវិញ បើយកដីគេត្រូវឱ្យម្ចាស់គេវិញ កុំឈ្លោះប្រកែក ប្តឹងផ្តល់ ឬមានគំនំគុំគួនគ្នា ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សាមគ្គីភាព ជីវភាពរស់នៅ និងកិត្តិយសក្នុងនាមជាឈាមជ័រខ្មែរតែមួយ ជាអ្នកភូមិផងរបងជាប់គ្នា។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ឯកឧត្តមមិនខ្ជិលក្នុងការដោះស្រាយវិវាទនោះទេ ប៉ុន្តែក៏មិនសប្បាយចិត្តដែរនៅពេលឃើញមានបងប្អូនប្រជាពលរដ្ឋឈ្លោះគ្នា ហើយកុំដោយសារតែអាហារ ៣ពេល បែរជាភ្លេចតម្លៃ និងគុណធម៌ ជាបងជាប្អូន ជាប្រពន្ធជាកូន ជាឪពុកជាម្តាយ និងជាគ្រួសារតែមួយអោយសោះ ព្រោះនេះមិនមែនជាវប្បធម៌ ប្រពៃណី របស់ជនជាតិខ្មែរយើងទេ។ ...