សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ឯកអគ្គរាជទូតត្រូវធ្វើការទន់ភ្លន់ ម៉ឺងម៉ាត់ តម្កល់ផលប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិជាធំ

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឯកអគ្គរាជទូត មិនត្រឹមតែតំណាងឱ្យក្រសួងការបរទេសប៉ុណ្ណោះទេ តែជាតំណាងឱ្យប្រទេសជាតិ តំណាងឱ្យព្រះមហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល។ បេសកកម្មការទូតជាការងារដ៏ឧត្តុង្គឧត្តម ត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិនិងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ឯកអគ្គរាជទូតត្រូវធ្វើការដោយភាពទន់ភ្លន់ ម៉ឹងម៉ាត់ និងត្រូវតម្កល់ផលប្រយោជន៍ពលរដ្ឋនិងប្រទេសជាតិជាធំ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងដូច្នេះនៅព្រឹកថ្ងៃ២៤ ខែកុម្ភៈឆ្នាំ២០២៦ ក្នុងឱកាសអនុញ្ញាតជូន ឯកអគ្គរាជទូតចំនួនបួនរូបដែលទើបទទួលបានការតែងតាំងក្នុងការបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសនានា បានចូលជួបសម្តែងការគូរសម ជម្រាបលានិងទទួលអនុសាសន៍ នៅមុនពេលចាកចេញពីមាតុប្រទេសទៅបំពេញបេសកកម្ម។ ឯកឧត្តមអគ្គរាជទូតដែលទើបតែងតំាងនិងបានចូលជម្រាបលា និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភានាឱកាសនេះមាន លោក ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតប្រចាំប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ លោកស្រី ទូច សុផារត្ន ឯកអគ្គរាជទូត ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ឆាយ មករា ឯកអគ្គរាជទូត ប្រចាំរដ្ឋកូវ៉ែត លោក ផូ សំអាង ឯកអគ្គរាជទូតជាប្រចាំសាធារណរដ្ឋគុយបា។ សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកស្រី លោក ឯកអគ្គរាជទូតទើបតែងតាំងថ្មីទាំងបួនរូប ក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមសម្តែងនូវក្តីរីករាយ និងអបអរសាទរយ៉ាងខ្លាំងចំពោះលោក លោកស្រី ...