រដ្ឋមន្ត្រី​ ហេង សួរ៖ ផ្តល់អនុសាសន៍ ៩ចំណុចដល់ ប.ស.ស. ដើម្បីពង្រឹងកិច្ចសហការ និងធ្វើទំនើបកម្មសេវាឌីជីថលឱ្យរក្សាបាននូវ “និមិត្តរូបសុខភាព” សម្រាប់មន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានមានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំ២០២៥ ប.ស.ស. បានបន្តរក្សានូវ “ដង្ហើមនវានុវត្តន៍” នេះ ដើម្បីក្លាយជាបង្អែកសន្តិសុខសង្គមដ៏រឹងមាំ ទំនើប និងផ្តល់ភាពកក់ក្តៅជូនមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោក​រដ្ឋមន្រ្តីថ្លែងបែបនេះ ក្នុងពិធីបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ ប.ស.ស.” នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ដោយបានគូសបញ្ជាក់បន្ថែមថា ការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃរបបសន្តិសុខសង្គម នៅតែជាបេសកកម្មស្នូលរបស់ ប.ស.ស. ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ២០២៤-២០៣៥ យុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។ លោក​រដ្ឋមន្រ្តីបានលើកយកប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី មកបញ្ជាក់ ...