ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានទទួលជួបសម្ដែងការគួរសម និងការប្រគល់និងទទួលតង់ដែលមានគុណភាពខ្ពស់ កញ្ចប់សម្ភារៈសិក្សាពេញលេញ (SIB) និងកញ្ចប់សម្ភារៈសម្រាប់ការសិក្សានៅផ្ទះ (HLP) ឧបត្ថម្ភដោយមូលនិធិភាពជាដៃគូសម្រាប់ការអភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF III) ដឹកនាំដោយលោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុប និងលោកបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ ជំនួបនិងការប្រគល់និងទទួលនេះរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិជម្លោះព្រំដែន ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅនិងការសិក្សារបស់កុមារ និងស្ត្រីនៅក្នុងខេត្តចំនួនបីរួមមាន៖ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ គោលបំណងចម្បងគឺដើម្បីធានាថាកុមារដែលរងគ្រោះនិងផ្លាស់ទីលំនៅ នៅតែអាចបន្តការសិក្សាទោះស្ថិតនៅក្នុងស្ថានភាពលំបាកបែបណាក៏ដោយ។ ក្នុងឱកាសនេះ លោក Bryan Fornari បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡាផ្ទាល់ ដោយលោកបានរំឭកអំពីបទពិសោធដែលបានជួបជាមួយគ្រួសាររងគ្រោះដោយសារជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលពួកគេត្រូវបង្ខំចិត្តផ្លាស់ទីលំនៅជាញឹកញាប់ ដែលបង្កជាផលវិបាកដល់ការរស់នៅនិងការសិក្សារបស់កុមារ។ ក្នុងន័យនេះ លោកប្រធានកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងអប់រំ យុវជន និងកីឡាដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហានេះ ហើយបង្ហាញជំហរក្នុងការបន្តភាពជាដៃគូដ៏រឹងមាំនេះដើម្បីផ្តល់ការគាំទ្រដល់អ្នកដែលត្រូវការបំផុត និងសង្ឃឹមថាគ្រូបង្រៀននិងសិស្សានុសិស្សដែលរងផលប៉ះពាល់នឹងអាចប្រើប្រាស់សម្ភារៈទាំងនេះបានយ៉ាងមានប្រសិទ្ធភាព។ បន្ថែមលើនេះ លោកបណ្ឌិត Will Parks ...