សហភាពអង្គការសង្គមស៊ីវិលចំនួន ៦០ស្ថាប័ន ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល បានដាក់ញត្តិទៅលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើឲ្យចាត់វិធានការដកសញ្ជាតិខ្មែរពីមេដឹកនាំនយោបាយប្រឆាំងនៅក្រៅប្រទេសលោក សម រង្ស៊ី ក្រោមហេតុផល ការបង្កើត «រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា»។ អ្នកនាំពាក្យរដ្ឋាភិបាលរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក គឹម សុខ បានចាត់ទុកសកម្មភាពនេះ ថាជាសេណារីយ៉ូនយោបាយរបស់គណបក្សកាន់អំណាច និងថា សកម្មភាពរបស់ក្រុមលោកគឺស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។