ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្ដេជ្ញាថា នៅដំណាច់ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញត្រូវតែបោសសម្អាតនិងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដើម្បីឱ្យស្របតាមផែនការរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ លោក ឃួង ស្រេង បានប្ដេជ្ញាបែបនេះក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ តាមអនុសាសន៌ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីត្រូវធ្វើការបោសសម្អាតនិងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ព្រោះប្រទេសកម្ពុជាទទួលយកតែសេដ្ឋកិច្ចពណ៌ស មិនមែនប្រផេះឬខ្មៅទេ។ តាមផែនការរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានណែនាំឱ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចរបស់យើងទាំងអស់បោសសម្អាតនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCA MS) នេះឱ្យអស់ត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៦នេះ។ ស្នើឱ្យកងកម្លាំងប៉ូលិសនិងកងរាជអាវុធហត្ថបង្កើនកិច្ចការងារស្រាវជ្រាវ និងតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅដល់ការបោសសម្អាតនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាONLINE SCAMS នេះឱ្យអស់ពីរាជធានីភ្នំពេញ ដោយធានាថាដល់ខែមីនាត្រូវតែស្អាត។ រាជធានីភ្នំពេញយើងបានបង្កើតក្រុមការងារបោសសម្អាតនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះចំនួន៦ក្រុម ក្រុមទាំង៦ នេះបន្ដចុះអនុវត្តការងារព្រមៗគ្នាតែម្តង នៅតំបន់ណាដែលយើងត្រូវអនុវត្ត។ ...