សមត្ថកិច្ចចម្រុះឆ្មក់បង្ក្រាបសំបុក Online Scam ក្នុងសង្កាត់អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ២១នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យ២១នាក់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ក្នុងប្រតិបត្តិការបង្រ្កាបការប្រព្រឹត្តសកម្មភាពល្មើសនេះធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងទីតាំងអគារស្តាស៊ីធី អគារទី២ ជាន់ទី៩ បន្ទប់លេខ៩១២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។នេះបើយោងតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ប្រភពបានលើកឡើងថា មនុស្សប្រុសស្រីទាំង២១នាក់ ដែលត្រូវបានឃាត់ខ្លួននេះ  មានជនជាតិចិនចំនួន១៦នាក់ ឥណ្ឌា ១នាក់  ប៉ាគីស្ថាន ២នាក់ ក្នុងនោះស្ត្រី ១នាក់ និង នេប៉ាល់ចំនួន២នាក់។  ក្នុងនោះដែរ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមានកុំព្យូទ័រ All in One កុំព្យូទ័រយួរដៃ និងទូរសព្ទដៃមួយចំនួនផងដែរ។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងតាមបទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយក្រុមការងារចម្រុះនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ...