ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Cui Xiaohui អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន JIANGSU HUIBO ROBOTICS TECHNOLOGY CO., LTD. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” នារសៀលថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញ ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហការលើសិក្សាស្រាវជ្រាវ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងការផ្តល់អាទិភាពជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នា ដែលមានរយៈពេល ៥ឆ្នាំ (២០២៦-២០៣០) ជាមួយនឹងក្រុមហ៊ុនឈានមុខគេមួយរបស់ប្រទេសចិនលើឯកទេសបច្ចេកវិទ្យា និងឧបករណ៍ឆ្លាតវៃនេះ មានគោលបំណងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់, លើកកម្ពស់គុណភាព និងភាពពាក់ព័ន្ធនៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ជំរុញកម្មវិធីសិក្សាទទួលបានសញ្ញាបត្រពីរ និងជាការទទួលស្គាល់គុណវុឌ្ឍិទៅវិញទៅមករវាងគ្រឹះស្ថានសិក្សាកម្ពុជា និងចិន។ កិច្ចសហប្រតិបត្តិការនេះគ្របដណ្តប់សកម្មភាពសំខាន់ៗដូចជា៖ ការអភិវឌ្ឍកម្មវិធីសិក្សារួមគ្នា, ការបណ្តុះបណ្តាលគ្រូបង្គោល , ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញកម្មវិធីសិក្សាដែលទទួលបានសញ្ញាបត្រពីរ និងការទទួលស្គាល់គុណវុឌ្ឍិរវាងភាគីទាំងពីរ, ការចុះកម្មសិក្សា ...