តើសាររបស់ប្រមុខការទូតថៃចោទសួរកម្ពុជាថា «ចង់បានសន្តិភាព ឬបន្តជម្លោះ» ជាពាក្យគំរាមឬយ៉ាងណា?

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ស៊ីហាស័ក ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានចោទសួរថា តើកម្ពុជាចង់បានសន្តិភាព ឬចង់បានជម្លោះ ដែលធ្វើឲ្យមានការបាត់បង់ និងការឈឺចាប់? សាររបស់ប្រមុខការទូតថៃ នៅលើវេទិការបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ត្រូវអ្នកឃ្លាំមើលយកមកវែកញែក ថា ជាការគំរាមកំហែងដោយត្រង់ៗ គ្មានលាក់លៀម មកលើកម្ពុជា។ ប៉ុន្តែ ជាមួយគ្នានេះ បើតាមអ្នកវិភាគ ថៃក៏ឆ្លៀតប្រើវេទិការបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ដើម្បីបង្ហាញប្រាប់ពិភពលោកថា ខ្លួនគឺជាជនរងគ្រោះ និងចង់បានសន្តិភាពជាមួយកម្ពុជា។