លោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងរៀបចំជំរំភៀសសឹកថ្មី ក្រោយភ្ញៀងកក់ខែ

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញ មានភ្លៀង​កក់ខែ​មួយ​មេ​ធំបាន​ធ្លា​ក់លើ​តំបន់មួយចំនួន​​​នៃ​ប្រទេស​កម្ពុជា។ ភ្ញៀងកក់ខែនេះ បានបង្ក​ផលលំបាក​ដល់​ពលរ​ដ្ឋ​ភៀស​សឹក ដែល​កំពុងស្នាក់នៅជំរំជនភៀសសឹកបណ្តោះអាសន្ន ក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃសុក្រ ទី២៧កុម្ភៈនេះ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោក លី សុវណ្ណារិទ្ធ ឲ្យដឹងថា ភ្ញៀងកក់ខែមួយមេធំកាលពីម្សិលមិញបានធ្វើឲ្យកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ពលរដ្ឋមួយចំនួនត្រូវលិច និងមានភក់ជ្រាំ។ តាមលោក លី សុវណ្ណារិទ្ធ អាជ្ញាធរខេត្តបាន និងកំពុងរៀបចំកន្លែងសុវត្ថិភាពថ្មី ដែលស្ថិតនៅក្បែរនោះ ដើម្បីសម្រួលស្ថានភាពរស់នៅដល់ពលរដ្ឋភៀសសឹក។