រដ្ឋបាលខេត្តកំពង់ធំសម្រេចដាក់វិធានការអនុវត្តជាបណ្តោះអាសន្នដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលនៅបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ភ្នំពេញ : យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំស្តីពីការហាមឃាត់ជាបណ្តោះអាសន្ន ចំពោះសកម្មភាពមួយចំនួន នៅលើផ្ទៃបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំបានឲ្យដឹងថា បន្ទាប់ពីរដូវបើកនេសាទមក គឺមានសកម្មភាពនេសាទមួយចំនួនពីសំណាក់អ្នកក្រៅមូលដ្ឋាន និងសហគមន៍ បាន ចូលមកធ្វើការនេសាទនៅក្នុងបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលក្នុងនោះសកម្មភាពខ្លះមានភាព អាណាធិបតេយ្យ ជាពិសេសការនេសាទលៀស និងការប្រើប្រាស់ឧបករណ៍នេសាទត្រី ដោយមិនគោរពទៅតាម ច្បាប់កំណត់ និងការណែនាំរបស់សមត្ថកិច្ចជំនាញនោះទេ។ ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលនៅបឹងទន្លេសាប ស្ថិតក្នុង ភូមិសាស្ត្រខេត្តកំពង់ធំ ប្រកបដោយចីរភាព រដ្ឋបាលខេត្ត សម្រេចដាក់វិធានការអនុវត្តជាបណ្តោះអាសន្នដូចខាងក្រោម៖ ១- ហាមឃាត់ជាបណ្តោះអាសន្នចំពោះអាជីវកម្មនេសាទលៀសគ្រប់រូបភាពនៅបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ២- ហាមឃាត់ជាបណ្តោះអាសន្នចំពោះបងប្អូនប្រជាពលរដ្ឋដែលមកពីក្រៅសហគមន៍ និងពុំមានទីលំនៅអចិន្ត្រៃយ៍នៅឃុំពាមបាង ស្រុកស្ទោង និងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចូលមកធ្វើការនេសាទដោយគ្មានការអនុញ្ញាតនៅបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខាងលើ។ ៣- ហាមឃាត់ចំពោះការនេសាទ ដោយប្រើប្រាស់ម៉ាស៊ីនទូកដែលមានកម្លាំងសេះចាប់ពី ២០០សេះ ឡើងទៅ៕ ដោយ : សិលា