ហ៊្សេរុយសាឡិម៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បាននិយាយថា យោធាអ៉ីស្រាអែលបានឱ្យដឹងថា ខ្លួនចាប់បានសញ្ញាមីស៉ីលបាញ់ចេញមកពីប្រទេសអ៉ីរ៉ង់ ហើយសំឡេងស៉ីរ៉ែនប្រកាសអាសន្ន ត្រូវបានបន្លឺឡើងនៅផ្នែកមួយចំនួននៃប្រទេស បន្ទាប់ពីអ៉ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសអ៉ីរ៉ង់។ យោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «មុននេះបន្តិច ស៉ីរ៉ែនប្រកាសអាសន្នត្រូវបានបន្លឺឡើងនៅផ្នែកមួយចំនួននៃផ្ទៃប្រទេស ក្រោយការកំណត់ឃើញថា មីស៉ីលត្រូវបានចាប់ផ្តើមបាញ់ចេញពីប្រទេសអ៉ីរ៉ង់ ឆ្ពោះមកកាន់ប្រទេសអ៉ីស្រាអែល»។ ទន្ទឹមគ្នានោះ ការផ្ញើសារតាមទូរសព្ទដៃ ត្រូវបានបញ្ជូនទៅកាន់ប្រជាជនអ៉ីស្រាអែល ដោយណែនាំឱ្យពួកគេរត់រកកន្លែងសុវត្ថិភាព។ យោធាអ៉ីស្រាអែល បានអះអាងថា នាពេលនេះ ខ្លួនកំពុងត្រៀមលក្ខណៈដើម្បីស្ទាក់មីស៉ីលរបស់អ៉ីរ៉ង់។ គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៉ីស្រាអែលនាថ្ងៃសៅរ៍នេះលើអ៉ីរ៉ង់ ត្រូវបានធ្វើឡើងរួមគ្នាជាមួយសហរដ្ឋអាមេរិក។ មន្រ្តីអ៉ីស្រាអែល បានអះអាងថា ប្រតិបត្តិការនោះ ត្រូវបានគ្រោងរៀបចំច្រើនខែមកហើយ ហើយកាលបរិច្ឆេទបើកការវាយប្រហារ ត្រូវបានកំណត់តាំងពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ។ បើទោះជាបែបនេះក្តី វាកើតឡើងក្រោយពេល អាមេរិកនិងអ៉ីរ៉ង់ ទើបបញ្ចប់កិច្ចចរចាជុំចុងក្រោយពាក់ព័ន្ធបញ្ហានុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ហើយនៅតែមិនទាន់អាចឈានដល់កិច្ចព្រមព្រៀង។ អ៉ីស្រាអែលនិងអាមេរិក ធ្លាប់រួមគ្នាវាយប្រហារលើអ៉ីរ៉ង់ម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២៥៕ ដោយ៖តារា