ខេត្តសៀមរាប៖ កាលពីវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីលោក ងុិល សុវណ្ណារិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបជាបន្តបន្ទាប់និងឃាត់ខ្លួនអ្នកលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី និងទីតាំងស្តុកមួយកន្លែងនៅចំណុចភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ ប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងរួមមាន៖ ម៉ាសុីនចម្រុះម៉ាក សរុបចំនួន ១០,១៦៨ គ្រឿង ក្នុងនោះមាន ម៉ាស៊ីនជក់ ៤,២៦៨ដើម, ក្បាលជក់ចម្រុះម៉ាក ចំនួន៥,៩០០ក្បាល ព្រមទាំង ឃាត់ខ្លួនជនសង្ស័យជាអ្នកលក់ និងម្ចាស់ទីតាំងចំនួន០២នាក់ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធីច្បាប់។ គួរបញ្ជាក់ថា ចំពោះឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ ត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាហាមឃាត់ដាច់ខាត មិនឲ្យនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឡើយ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ៕