កម្ពុជា​ព្រមាន​ភាគី​ថៃ ដែល​ប្រតិដ្ឋ​ថា​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ប្រើ​ជា​ទីតាំង​យោធា គឺ​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​ក្នុង​តំបន់

រដ្ឋាភិបាល​កម្ពុជា ព្រមាន​ភាគី​ដែល​បាន​ប្រតិដ្ឋ​ថា​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ប្រើ​ជា​ទីតាំង​យោធា គឺជា​ការ​មិន​អើពើ​លើ​តថភាព​ផ្នែក​ច្បាប់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អំណាច​តុលាការ​អន្តរជាតិ និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​ក្នុង​តំបន់​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ទីតាំង​នេះ​ពុំ​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​យោធា​ម្តង​ណា​ឡើយ។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៧ កុម្ភៈ ដោយ​ប្រឆាំង​ដាច់អហង្ការ​ចំពោះ​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ដែល​បាន​ចោទប្រកាន់​ថា ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ប្រាសាទ​ព្រះវិហារ ជា​ទីតាំង​យោធា ជុំវិញ​សង្គ្រាម​ជាមួយ​ថៃ កាលពី​ពេល​កន្លង​ទៅ​នោះ។ ក្រសួង​ការបរទេស​កម្ពុជា លើកឡើង​ថា វត្តមាន​របស់​ឆ្មាំ​សន្តិសុខ​កម្ពុជា ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ការពារ​អធិបតេយ្យ​កម្ពុជា​លើ​ទីតាំង​នេះ មិន​អាច​បកស្រាយ​ថា​ជា​ការ​ប្រើប្រាស់​ប្រាសាទ​ក្នុង​គោលបំណង​យោធា​បាន​ឡើយ។ ប្រភព​ដដែល អះអាង​ថា ការ​គ្រប់គ្រង​ទីតាំង​នេះ នៅតែ​ស្ថិត​នៅ​ក្រោម​ការ​ទទួល​ខុសត្រូវ​របស់​អាជ្ញាធរ​បេតិកភណ្ឌ​ស៊ីវិល​ដែល​មាន​សមត្ថកិច្ច ហើយ​ការ​រៀបចំ​សន្តិសុខ​ណា​មួយ​នៅ​ទីតាំង​នេះ គឺ​មាន​ការ​ដាក់​កម្រិត​យ៉ាង​តឹងរ៉ឹង ដែល​មាន​លក្ខណៈ​រក្សា​ការពារ និង​សមាមាត្រ​ទៅ​នឹង​តម្រូវការ​នៃ​ការ​អភិរក្ស​ការពារ​ទីតាំង​នោះ។ រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា ក្នុង​នាម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ឡាអេ​ឆ្នាំ​១៩៥៤ និង​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​ឆ្នាំ​១៩៧២ កម្ពុជា​តែង​ប្រកាន់ខ្ជាប់​នូវ​ការ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ និង​ពេញលេញ​ក្នុង​ការ​ការពារ និង​ថែរក្សា​ទីតាំង ព្រមទាំង​ទ្រព្យសម្បត្តិ​វប្បធម៌​ទាំងនេះ​សម្រាប់​តែ​គោលដៅ​សកម្មភាព​សន្តិភាព វប្បធម៌ និង​សាសនា​ប៉ុណ្ណោះ។ កាលពី​ថ្ងៃទី​២៤ កុម្ភៈ កាសែត Thai Enquirer បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ដែល​ប្រាប់​នាយក​អង្គការ​យូណេស្កូ (UNESCO) លោក […] The post កម្ពុជា​ព្រមាន​ភាគី​ថៃ ដែល​ប្រតិដ្ឋ​ថា​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ប្រើ​ជា​ទីតាំង​យោធា គឺ​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​ក្នុង​តំបន់ appeared first on The Cambodia Daily Khmer .