ស្ថិតនៅក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាទីកន្លែងដែលជម្រកបណ្តោះអាសន្នថ្មីសម្រាប់ជនភៀសសឹកកំពុងត្រូវបានសាងសង់យ៉ាងមមាញឹក។ យ៉ាងហោចណាស់ជម្រកផ្ទះថ្មីចំនួន ៣ពាន់ខ្នងដែលសង់លើផ្ទៃដីប្រមាណ ៤០០ហិកតាកំពុងត្រូវបានពន្លឿនការសាងសង់យ៉ាងឆាប់រហ័ស ដើម្បីទទួលជនភៀសសឹកដែលរងគ្រោះដោយការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការឡោមព័ទ្ធរបស់យោធាថៃក្នុងខេត្តបន្ទាយមានជ័យ។ ជម្រកថ្មីនេះរំពឹងថានឹងអាចបញ្ចប់ការសាងសង់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ឬមុនការមកដល់នៃរដូវវស្សាខាងមុខ។