អន្តរជាតិ ៖ មេបញ្ជាការនៃទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកលោកBrad Cooper ទើបតែបានបញ្ចេញព័ត៌មានថ្មីៗ អំពី ប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ីរ៉ង់ តាមរយៈសារបង្ហោះនៅលើបណ្តាញសង្គម X។ លោកថាបេសកកម្មនេះមានការចូលរួមពីកងទ័ពជាង៥ម៉ឺននាក់, យន្តហោះចម្បាំង២០០គ្រឿង, នាវាផ្ទុកយន្តហោះ២គ្រឿងនិងយន្តហោះទម្លាក់គ្រាប់បែក។ នេះតំណាងឱ្យការប្រមូលផ្តុំកម្លាំងដ៏ធំរបស់អាមេរិកនៅតំបន់មជ្ឈិបូព៌ា។ លោកនិយាយថា សហរដ្ឋអាមេរិកបានវាយប្រហារគោលដៅជិត២,០០០កន្លែង នៅក្នុងប្រទេសអ៊ីរ៉ង់ និងបានបំផ្លាញនាវាអ៊ីរ៉ង់ចំនួន១៧គ្រឿង។ លោកបានបន្ថែមថា «យើងបានធ្វើឱ្យខូចប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ និងបានបំផ្លាញមីស៊ីលបាលីស្ទិក, ជើងទម្រសម្រាប់បាញ់ និងយន្តហោះdronesគ្មានមនុស្សបើករាប់រយគ្រឿងរបស់អ៊ីរ៉ង់»។ នៅក្នុងការសងសឹក មេបញ្ជាការអាមេរិករូបនេះបាននិយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកជាង ៥០០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន២,០០០គ្រឿង។ លោកបានបន្ថែមថា អ៊ីរ៉ង់បានកំណត់គោលដៅលើជនស៊ីវិលដោយមិនរើសមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានBBC ៕ (VAYO )