លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យការធ្វើតេស្ដនាវាពិឃាដ និងមីស៊ីល ចំពេលអាមេរិកកំពុងវាយអ៉ីរ៉ង់

ទីក្រុងសេអ៊ូល ៖ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានបញ្ជាក់ថា, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងសប្ដាហ៍នេះបានចុះត្រួតពិនិត្យការធ្វើតេស្ដនាវាពិឃាដ និងមីស៊ីល ជាមួយការអះអាងថាទីក្រុងព្យុងយ៉ាងកំពុងស្ថិតក្នុងដំណើរការបំពាក់ អាវុធនុយក្លេអ៊ែរឱ្យកងទ័ពជើងទឹក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថាការធ្វើតេស្ដខាងលើ ក្នុងនោះរួមមានការបាញ់មីស៊ីលគ្រូស កើតមានឡើងបន្ទាប់ពីលោក គីម ជុងអ៊ុនបានដឹកនាំមហាសន្និបាតគណបក្សពលករ៥ឆ្នាំម្ដង ជាទីដែលលោកបានប្រកាសជាថ្មីពីគោលដៅពង្រឹងសមត្ថភាព និងប្ដេជ្ញាធ្វើការឆ្លើយតបឱ្យបានខ្លាំងក្លាទៅនឹងការគំរាមកំហែងទាំងឡាយ។ ការធ្វើតេស្ដនេះក៏ធ្វើឡើងផងដែរចំពេលសត្រូវរបស់កូរ៉េខាងជើង គឺសហរដ្ឋអាមេរិកបានពួតដៃគ្នាជាមួយអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់ ក្នុងគោលបំណងកម្ទេចកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៉ីរ៉ង់។ តាម KCNA លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារកន្លងទៅ បានចុះត្រួតពិនិត្យនាវាពិឃាដ Choe Hyon។ «ការបំពាក់អាវុធនុយក្លេអ៊ែរឱ្យកងទ័ពជើងទឹក កំពុងស្ថិតក្នុងដំណើរការរីកចម្រើនគួរឱ្យកត់សម្គាល់»។ នេះជាការគូសបញ្ជាក់របស់លោក គីម។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP គួរបញ្ជាក់ថា Choe Hyon ជានាវាពិឃាដមួយក្នុងចំណោមនាវាពិឃាដ២គ្រឿងរបស់កូរ៉េខាងជើង។ នាវាពិឃាដនេះមានទម្ងន់ ៥០០០តោន ហើយនាវាពិឃាតទី៣ កំពុងស្ថិតនៅក្រោមការសាងសង់៕ ...