មនុស្សយ៉ាងហោចណាស់៨០នាក់បានស្លាប់បន្ទាប់ពីនាវាចម្បាំងអ៊ីរ៉ង់ត្រូវបានបាញ់ពន្លិចដោយនាវាមុជទឹកអាមេរិក

អន្តរជាតិ ៖ មនុស្សយ៉ាងហោចណាស់៨០នាក់បានស្លាប់ បន្ទាប់ពីនាវាចម្បាំងអ៊ីរ៉ង់IRIS Dena ត្រូវបានបាញ់ពន្លិចដោយមីស៊ីលបាញ់ចេញពីនាវាមុជទឹកអាមេរិក នៅមហាសមុទ្រឥណ្ឌា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានCNN។ ក្រសួងការពារជាតិស្រីលង្កាបាននិយាយថា មនុស្ស៣២នាក់ត្រូវបានជួយសង្រ្គោះ។ នៅលើនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងនេះ ត្រូវបានគេជឿថាមានមនុស្សជិះប្រហែល១៨០នាក់។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកPete Hegsethបាននិយាយនៅថ្ងៃពុធថា នាវាមុជទឹកអាមេរិក បានបាញ់ពន្លិចនាវាអ៊ីរ៉ង់មួយគ្រឿង នៅក្នុងដែនទឹកអន្តរជាតិ។ លោកHegsethមិនបាននិយាយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដោយកងទ័ពជើងទឹកស្រីលង្កានោះទេ ប៉ុន្តែការពិពណ៌នាអំពីការវាយប្រហាររបស់លោកហាក់ដូចជាត្រូវគ្នានឹងទីតាំង នៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដែលកំពុងបន្តនោះ។ លោកថា នាវាមុជទឹកអាមេរិកបានវាយប្រហារនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿង នៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសស្រីលង្កា ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីឈូងសមុទ្រ។ សង្រ្គាមរវាងអាមេរិកនិងអ៊ីស្រាអែលទល់នឹងអ៊ីរ៉ង់ បានរីករាលដាលពីការបាញ់ប្លោងដាក់គ្នាតាមអាកាស នៅតំបន់មជ្ឈិបូព៌ា មកតាមជើងទឹកបន្ថែមទៀត។ ការប្រយុទ្ធគ្នាបានធ្វើឱ្យការដឹកជញ្ជូនតាមសមុទ្រឆ្លងកាត់ច្រកHormuzដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ បានជាប់គាំងអស់រយៈពេល៥មកហើយ។ សង្រ្គាមផ្លូវទឹកនេះ បានបិទចរន្តប្រេង និងឧស្ម័នសំខាន់ៗនៅមជ្ឈិមបូព៌ា ៕ ប្រភព៖(VAYO)