ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ស្ត្រីជាកងទ័ពកម្ពុជា បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការការពារបូរណភាពទឹកដី ដោយទឹកចិត្តអង់អាចក្លាហាន ប្រឆាំងទៅនឹងអំពើឈ្លានពានរបស់កងទ័ពថៃ ពិសេសសង្គ្រាមកើតឡើងកាលពីឆ្នាំ២០២៥កន្លងទៅនេះ ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះថា ក្នុងអំឡុងជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ចំនួន២លើក កាលពីឆ្នាំ២០២៥ កងទ័ពស្ត្រីកម្ពុជា បានប្រគៀកស្មាជាមួយកងទ័ពបុរស ប្រយុទ្ធតតាំងនឹងសត្រូវឈ្លានពាន ក្នុងបុព្វការពារជាតិ និងប្រជាពលរដ្ឋ។ ប្រមុខការពារជាតិ បានបន្តថា ការលះបង់ដ៏ធំធេងរបស់ស្ត្រីកម្ពុជានេះ គឺបានបង្ហាញពីវីរភាពមិនអាចកាត់ថ្លៃបាន ខណៈក្នុងកាលៈទេសៈ នៃការប្រយុទ្ធតទល់នោះ ស្ត្រីជាម្ដាយ ជាកូន និងជាប្រពន្ធ ក៏តែងតែជូនពរលើកទឹកចិត្តដល់ឪពុក កូន ប្ដី និងសាច់ញាតិជាដើម ខិតខំប្រឆាំងនឹងអំពើឈ្លានពានរបស់បច្ចាមិត្ត ដែលសកម្មភាពនេះ គឺពិតជាគួរឲ្យគោរព និងមោទនភាពយ៉ាងក្រៃលែង ។ ...