ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មីរយៈពេលពីរថ្ងៃ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែមីនា ហើយបិទនៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ។ សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖ *សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ហើយក្នុងច្បាប់នេះ នឹងកំណត់នូវកាតព្វកិច្ចមួយចំនួនចំពោះអ្នកពាក់ព័ន្ធ រួមទាំង ម្ចាស់ទីតាំងជួលឱ្យក្រុមឧក្រិដ្ឋជនផងដែរ។ *សម្ដេចធិបតី៖ បរិបទសកលកំពុងស្ថិតនៅក្នុងសភាពផុយស្រួយដោយសារ ការប្រកួតប្រជែងដណ្ដើមភូមិសាស្រ្តនយោបាយកត្តាអសន្តិសុខជាសកល បញ្ហាអស្ថិរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ចលើពិភពលោក និងសង្គ្រាម បានធ្វើឱ្យឧក្រិដ្ឋជនឆ្លៀតឱកាសបង្កើនសកម្មភាពដាំដុះ និងផលិតគ្រឿងញៀនក៏ដូចជាការលួចលាក់ចរាចរសារធាតុគីមីផ្សំខុសច្បាប់ ដើម្បីផលិតគ្រឿងញៀនសំយោគ ជាពិសេសនៅតំបន់អាម៉េរិកខាងត្បូង។ ក្នុងស្ថានភាពនេះតម្រូវការគ្រឿងញៀនសំយោគក៏មានការកើនឡើងជាគំហុក។ *សម្តេចធិបតី រំពឹងថា ផែនការរបស់រាជរដ្ឋាភិបាលស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ រយៈពេល១ឆ្នាំចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ...