លោកទេសរដ្ឋមន្ត្រី អៀង មូលី ដែលជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយថា ថៃបានបកស្រាយខុសពីការពិត ជុំវិញភាពជាកម្មសិទ្ធិនៃតំបន់មួយចំនួនតាមព្រំដែនកម្ពុជា និងថៃ ដែលពលរដ្ឋខ្មែរធ្លាប់យកធ្វើជាជំរំ នៅពេលពួកគេភៀសខ្លួនពីការវាយប្រយុទ្ធគ្នារវាងភាគីជម្លោះក្នុងសម័យសង្គ្រាមស៊ីវិលកម្ពុជា។ លោកបានអះអាងថា ជំរំរបស់ជនភៀសខ្លួនខ្មែរនៅតាមព្រំដែនខ្មែរ-ថៃ ទាំងអស់នោះគឺជាទឹកដីរបស់ខ្មែរទាំងអស់ ពោលតំបន់ទាំងនោះមិនមែនជាទឹកដីថៃ ដូចការអះអាងរបស់អ្នកនយោបាយថៃខ្លះនោះឡើយ។