លោកត្រាំព្រមានវាយអ៊ីរ៉ង់ឲ្យចាស់ដៃ ក្រោយទីក្រុងតេហេរ៉ង់បដិសេធការចុះចាញ់

អន្តរជាតិ : ប្រធានាធិបតីដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់ «នឹងត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» បន្ទាប់ពីទីក្រុងតេហេរ៉ង់បានពិពណ៌នាអំពីការទាមទាររបស់សហរដ្ឋអាមេរិកឲ្យចុះចាញ់ដោយគ្មានលក្ខខណ្ឌថាជា «សុបិនដែលពួកគេគួរតែយកទៅតាមខ្លួនដល់ក្នុងផ្នូរ»។ នេះបើយោងតាមការចុះផ្សាយរបស់ Independent កាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២៦។ ទោះបីជាប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសុំទោសចំពោះការវាយប្រហារលើប្រទេសជិតខាងក៏ដោយ ក៏លោកត្រាំចាត់ទុកថា វាជាសញ្ញានៃការចុះចាញ់ ហើយបានហៅអ៊ីរ៉ង់ថាជា «អ្នកចាញ់នៅមជ្ឈិមបូព៌ា»។ លោកត្រាំបន្ថែមថា លោកកំពុងពិចារណាលើ «ការបំផ្លាញចោលទាំងស្រុង» នូវតំបន់ និងក្រុមថ្មីៗ ប្រសិនបើអ៊ីរ៉ង់នៅតែបន្តអាកប្បកិរិយាមិនល្អ។ ជម្លោះបានរីករាលដាលកាន់តែខ្លាំងចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយអ៊ីរ៉ង់បានបាញ់មីស៊ីលគោលដៅលើមូលដ្ឋានទ័ពអាមេរិកនៅបារ៉ែន ព្រមទាំងមានការគំរាមកំហែងនៅកាតានិងអារ៉ាប់រួមផងដែរ។ នៅព្រលានយន្តហោះអន្តរជាតិឌុយបៃ អ្នកដំណើរត្រូវបានជម្លៀសទៅកាន់ផ្លូវក្រោមដី បន្ទាប់ពីមានការវាយប្រហារដោយដ្រូននៅក្បែរនោះ។ ក្រសួងការបរទេសអ៊ីរ៉ង់បានអះអាងថា ប្រតិបត្តិការប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិកគឺជា «ការការពារខ្លួន» ហើយការវាយប្រហារនឹងបន្តដរាបណាសហរដ្ឋអាមេរិកនៅតែរក្សាវត្តមានយោធាក្នុងតំបន់ទាំងនោះ។ រហូតមកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ១ ២៣០នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ និងទាហានអាមេរិក ៦នាក់បានបាត់បង់ជីវិត។ ខណៈពេលដែលអ៊ីរ៉ង់ត្រៀមជ្រើសរើសមេដឹកនាំថ្មីជំនួសលោក Khamenei ក្នុងរយៈពេល២៤ម៉ោងខាងមុខ ចក្រភពអង់គ្លេសក៏កំពុងត្រៀមបញ្ជូននាវាដឹកយន្តហោះ HMS Prince of Wales ទៅកាន់មជ្ឈិមបូព៌ាផងដែរ។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង់គ្លេសបានព្រមានទីក្រុងឡុងដ៍ឲ្យ «មានការប្រុងប្រយ័ត្នខ្ពស់» ចំពោះការចូលពាក់ព័ន្ធក្នុងជម្លោះដ៏រីករាលដាលនេះ៕ ...