ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះទីតាំងស្លរប្រេងមួយកន្លែងយ៉ាងសន្ធោសន្ធៅធ្វើឲ្យរាលដាលទៅដល់រោងជាងជួសជុលអេស្កាវ៉ាទ័រ១ខ្នង រួមទាំងឆេះម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងនិងសម្ភារះក្នុងនោះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចដីឡូគ្មានលេខ ផ្លូវ១៧២៩ ក្រុម៣ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុដោយពួកគាត់បានឃើញផ្សែងលាយឡំនិងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះស្លរប្រេងរួចបន្តឆេះ រាលដាលដល់រោងជាងជួសជុលអេស្កាវ៉ាទ័រ១ខ្នងបន្ថែមទៀតភ្លាមនោះដែរពួកគាត់ក៏នាំគ្នាប្រញាប់ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ជាបន្ទាន់ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់បន្ទាន់។ ក្រោយពីទទួលបានដំណឹងខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿងផងដែរ។ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញបានបាញ់ពន្លត់គ្រប់គ្រងបានទាំងស្រុងឃើញថា ការប្រើប្រាស់ឡានទឹកអស់ចំនួន៨គ្រឿងទើបរលត់ទៅវិញជាស្ថាពរ នៅម៉ោង ១០និង៣០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។ ចំពោះមូលហេតុគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវផងដែរ។ ដោយឡែក ក្នុងករណីនេះ មិនបានបណ្តាលឲ្យមានអ្នកណារងរបួសនិងស្លាប់នោះឡេីយ៕ ដោយ ៖ ភារ៉ា ដង្កោ