រដ្ឋបាលរាជធានីភ្នំពេញបានតាមដានយ៉ាងយកចិត្តទុកដាក់នូវប្រក្រតីភាពនៃតំលៃប្រេងឥន្ទនៈ​ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ : ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់​ លោក ​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានតាមដានយ៉ាងយកចិត្តទុកដាក់នូវប្រក្រតីភាពនៃតំលៃប្រេងឥន្ទនៈ​ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជាក់ស្ដែង​ នាថ្ងៃទី០៨​ ខែមីនា​ ឆ្នាំ២០២៦​ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌ ដោយមានការចូលរួមពីមន្ទីរនិងអង្គភាពពាក់ព័ន្ធ បានចុះត្រួតពិនិត្យទីតាំងស្ថានីយប្រេងឥន្ធនៈ ០១កន្លែងនាមករណ៍ “សន្ដិភាព” ស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ដោយទីតាំងនេះបានលក់ប្រេងឥន្ធនៈលើសតម្លៃ ល្មើសនឹងសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ។ ជាលទ្ធផល​ ក្រុមការងារបានធ្វើការផាកពិន័យទីតាំងនេះចំនួន ៤,០០០,០០០រៀល និងធ្វើកិច្ចសន្យាកែតម្រូវឱ្យស្របតាមច្បាប់និងបទប្បញ្ញតិបច្ចេកទេសជាធរមាន។ រដ្ឋបាលរាជធានីភ្នំពេញ​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តារក្សាសណ្តាប់ធ្នាប់របៀបរៀបរយល្អក្នុងសង្គម សាមគ្គីគ្នាក្នុងគ្រាលំបាក និងចៀសវាងការឆក់ឱកាសកេងចំណេញនានា ៕ ដោយ : សិលា