អន្តរជាតិ៖ លោក Mojtaba Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ កាលពីយប់ថ្ងៃអាទិត្យទី១៦ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ជាថ្មីអំពីការទាមទារសំណងរបស់ប្រទេសលោកពី «សត្រូវ» របស់ខ្លួន។ អំណាននៅលើគណនី Telegram របស់មេដឹកនាំកំពូលបាននិយាយថា «យើងនឹងទទួលបានសំណងពីសត្រូវ ហើយប្រសិនបើត្រូវបានបដិសេធ យើងនឹងយកទ្រព្យសម្បត្តិតាមដែលយើងកំណត់ ហើយប្រសិនបើមិនអាចធ្វើទៅបាន យើងនឹងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកនោះក្នុងចំនួនដូចគ្នា»។ សូមជម្រាបថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងជាច្រើនផ្សេងទៀតរបស់អ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei មេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។ អ៊ីរ៉ង់ បានឆ្លើយតបដោយការវាយប្រហារមីស៊ីល និងយានដ្រូនជាបន្តបន្ទាប់ ដែលកំណត់គោលដៅលើមូលដ្ឋាន និងយុទ្ធោបករណ៍របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ លោក Mojtaba Khamenei ដែលជាកូនប្រុសរបស់លោក Ali Khamenei ត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ នេះបើយោងតាមការប្រកាសរបស់សភាអ្នកជំនាញកាលពីថ្ងៃទី៨ ខែមីនា។ លោក Mojtaba Khamenei បានថ្លែងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ចាប់តាំងពីឡើងកាន់តំណែង ដោយបញ្ជាក់ពីយុទ្ធសាស្ត្រសំខាន់ៗរបស់អ៊ីរ៉ង់នៅក្នុងសង្គ្រាមដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕ដោយ៖តារា