អន្តរជាតិ : ថ្ងៃទី ១៥ ខែមីនា ទីភ្នាក់ងារថាមពលអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានអះអាងថា ស្តុកប្រេងបម្រុងអន្តរជាតិបន្ទាន់របស់រដ្ឋសមាជិក នឹងបញ្ចេញទៅទីផ្សារក្នុងពេលឆាប់ៗ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃការផ្គត់ផ្គង់ប្រេងកាតអន្តរជាតិនាពេលបច្ចុប្បន្ននេះ ។ សេចក្តីប្រកាសព័ត៌មានបានចែងថា រដ្ឋសមាជិកនានាបានដាក់ផែនការអនុវត្តជាក់ស្តែងជូនចំពោះទីភ្នាក់ងារថាមពលអន្តរជាតិរួចហើយ ។ តាមការរៀបចំចាត់ចែង រដ្ឋសមាជិកនៃទ្វីបអាស៊ីនិងអូស្យានីនឹងបញ្ចេញស្តុកប្រេងបម្រុងមុនគេ រីឯឃ្លាំងប្រេងរបស់រដ្ឋសមាជិកនៃទ្វីបអាមេរិកនិងអឺរ៉ុបនឹងបញ្ចេញទៅទីផ្សារជាបន្តបន្ទាប់ចាប់ពីចុងខែមីនានេះតទៅ ។ ទីភ្នាក់ងារថាមពលអន្តរជាតិបានលើកឡើងថា ទីផ្សារប្រេងកាតសកល បាននិងកំពុងប្រឈមនឹងការរាំងស្ទះក្នុងការផ្គត់ផ្គង់ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ សកម្មភាពជាសមូហភាពជាបន្ទាន់លើកនេះ ជាសកម្មភាពមានទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងទីផ្សារ ។ ប៉ុន្តែបើចង់ស្តារស្ថិរភាពនៃលំហូរពាណិជ្ជកម្មឡើងវិញយ៉ាងពិតប្រាកដ នោះបញ្ហាគន្លឹះគឺត្រូវស្តារការធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមូសឱ្យមានភាពប្រក្រតីឡើងវិញ ៕ ដោយ : CCFR