អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ ចុះពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ នៅសង្កាត់ទួលសង្កែទី ២ និងសង្កាត់ស្វាយប៉ាក

ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះធ្វើសកម្មភាពរដ្ឋបាលតាមមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងសង្កាត់ទួលសង្កែទី ២ និងសង្កាត់ស្វាយប៉ាក។ នាឱកាសនោះ លោកអភិបាលខណ្ឌ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ ក្នុងបរិយាកាសស្និទ្ធស្នាល។ លោកបានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខណ្ឌក្នុងការអនុវត្តវិធានការផ្សេងៗ ពាក់ព័ន្ធនឹងការរក្សាសន្តិសុខសង្គម សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការងារអនាម័យ និងការកែលម្អបរិស្ថាននៅតាមមូលដ្ឋាន ដែលកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំ និងជាបន្តបន្ទាប់។ ជាមួយគ្នានេះ លោក ជិន ប៊ុនធឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជានិច្ចចំពោះហានិភ័យគ្រោះអគ្គិភ័យដែលអាចកើតមានឡើងដោយមិនបានរំពឹងទុក។ បន្ថែមពីនេះ លោកអភិបាលខណ្ឌ ក៏បានជំរុញឲ្យប្រជាពលរដ្ឋសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដោយផ្ដល់ព័ត៌មានឲ្យបានទាន់ពេលវេលា តាមរយៈក្រុមតេឡេក្រាមរបស់រដ្ឋបាលសង្កាត់ទាំង ៧ ឬទំនាក់ទំនងទៅកាន់អាជ្ញាធរ និងប៉ុស្តិ៍នគរបាលដែលនៅជិតបំផុត ដើម្បីអាចចូលអន្តរាគមន៍បានឆាប់រហ័ស នៅពេលមានបញ្ហាអសន្តិសុខ ឬគ្រោះអគ្គិភ័យកើតឡើង៕ ដោយ៖តារា