បង្ក្រាប Scams Online នៅបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាប Scams Online នៅបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់ ។  ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតីវិធីច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។  ជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាប កម្លាំងអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនមនុស្សសរុបចំនួន១៩នាក់ ជាជនជាតិចិន ដោយបានដកហូតសម្ភារៈរួមមាន ៖ ទូរស័ព្ទដៃចំនួន១៣គ្រឿង , កុំព្យូទ័រយួរដៃចំនួន០១គ្រឿង , ធុង CPU ចំនួន ០១គ្រឿង , កុំព្យូទ័រ All in One ចំនួន០៨គ្រឿង , ម៉ូនីទ័រចំនួន០២គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។  មន្ត្រីសមត្ថកិច្ចជំនាញបញ្ជាក់ថា ៖ ក្រុមឧក្រិដ្ឋជនខាងលើបានក្លែងឯកសារជាសមត្ថកិច្ចប្រទេសចិនដើម្បីប្រព្រឹត្តឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។  ជនសង្ស័យទាំង១៩នាក់ត្រូវបានឃាត់ខ្លួនបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ ដោយ៖ ចន្ទ លីហ្សា