អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ ការផ្សាយរូបភាពឃោរឃៅនៅលើបណ្តាញសង្គម ជាការរំលោភលើក្រមសីលធម៌ សិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ អ្នកនាំពាក្យបានបន្តថា ក្រសួងបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សាយ ចែករំលែកវីដេអូ ឬរូបភាពនៃករណីឃាតកម្ម និងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ហាញរូបភាពតក់ស្លុត ដូចជាមានឈាម របួស ឬការស្លាប់ជាដើម ឬហិង្សានៅលើបណ្តាញសង្គម ដូចជា Facebook និង TikTok ជាដើម រួមទាំងមានប្រភពមកពីអ្នកសារព័ត៌មានមួយចំនួនផងដែរ។ ការផ្សាយ និងចែករំលែកទាំងនេះ វាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍ជងរងគ្រោះ និងគ្រួសាររបស់ពួកគេ។ នេះបើតាមការបញ្ជាក់ពី លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦ ម្សិលមុិញនេះ។ លោកបន្តថា ការបង្ហាញរូបភាពឃោរឃៅទាំងនេះបង្កជាភាពភ័យខ្លាច ការតក់ស្លុត និងប៉ះពាល់ដល់អារម្មណ៍កុមារ និងពលរដ្ឋទូទៅ។ ទន្ទឹមនេះការផ្សាយ ឬចែករំលែករូបភាពសពពីការបាញ់សម្លាប់  ឬការស្លាប់ និងរងរបួសមានឈាមពីគ្រោះថ្នាក់ចរាចរ ដោយគ្មានការបិទបាំង ឬព្រិលលើរូបភាពជាទង្វើប្រាសចាកក្រមសីលធម៌ រំលោភសិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងប៉ះពាល់ខ្លាំងដល់សីលធម៌ និងសណ្តាប់ធ្នាប់សង្គម។ ការផ្សាយដោយគិតតែប្រជែងគ្នាដើម្បីយកView ឬ Like ដោយមិនគិតពីផលវិបាកសង្គម អាចគ្រាន់តែជាការធ្វើអាជីវកម្មលើភាពរងគ្រោះ ឬភាពទន់ខ្សោយរបស់អ្នកដទៃ គឺជាទង្វើដែលសង្គមមិនផ្តល់តម្លៃ ...